ជប៉ុន អះអាងថាយន្ដហោះចម្បាំងចិនដំណើរការប្រព័ន្ធរ៉ាដាកំណត់គោលដៅលើយន្ដហោះចម្បាំងរបស់ខ្លួន
(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុន នៅថ្ងៃអាទិត្យ ទី៧ ខែធ្នូ បានអះអាងថាយន្ដហោះចម្បាំងចិនបានដំណើរការប្រព័ន្ធរ៉ាដាកំណត់គោលដៅលើយន្ដហោះចម្បាំងជប៉ុន នៅលើដែនទឹកអន្តរជាតិ ស្ថិតនៅក្បែរកោះ Okinawa ដោយថ្កោលទោសថានេះជាសកម្មភាពដ៏គ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅឯសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃអាទិត្យនេះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានហៅសកម្មភាពរបស់យន្ដហោះចម្បាំងចិនជាសកម្មភាពដ៏គ្រោះថ្នាក់ និងជារឿងគួរឱ្យសោកស្ដាយបំផុត។ តាមប្រមុខការពារជាតិជប៉ុន ទីក្រុងតូក្យូបានដាក់កំណត់ទូតតវ៉ា និងប្រាប់ចិនកុំឱ្យមានសកម្មភាពបែបនេះកើតឡើងសាជាថ្មី។
ក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថាមិនមានការខូចខាត ឬអ្នករងរបួសនៅក្នុងឧបទ្ទវហេតុទាំង២លើកដែលបានកើតឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញនោះទេ។ ក្រសួងបានបញ្ជាក់ទៀតថា ឧបទ្ទវហេតុលើកទី១បានកើតឡើងនៅលើដែនទឹកស្ថិតនៅក្បែរកោះ Okinawa ដោយយន្ដហោះចម្បាំងចិន J-15 ដែលធ្វើប្រតិបត្តិការចេញពីនាវាផ្ទុកយន្ដហោះចម្បាំងចិន Liaoning បានដំណើរការប្រព័ន្ធរ៉ាដាកំណត់គោលដៅលើយន្ដហោះចម្បាំងជប៉ុន F-15 មួយគ្រឿងដែលកំពុងធ្វើប្រតិបត្តិការបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាយន្ដហោះចម្បាំងចិនហោះបំពានចូល ដែនអាកាសជប៉ុន។ ចំណែក ២ម៉ោងក្រោយមក ឧបទ្ទវហេតុលើកទី២ បានកើតឡើងនៅពេលយន្ដហោះចម្បាំងចិន J-15 មួយគ្រឿងដែលធ្វើប្រតិបត្តិការពីនាវាផ្ទុកយន្ដហោះចម្បាំងចិន Liaoning បើកដំណើរការប្រព័ន្ធរ៉ាដាកំណត់រ៉ាដាលើយន្ដហោះចម្បាំងមួយគ្រឿងផ្សេងទៀតរបស់ជប៉ុន។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំង និងទីក្រុងតូក្យូកំពុងមានជម្លោះការទូតនឹងគ្នា ជុំវិញការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីខែវិច្ឆិកាដែលថា ទីក្រុងតូក្យូអាចនឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើចិនប្រើកម្លាំងយោធាវាយតៃវ៉ាន់។ ការដំណើរការប្រព័ន្ធរ៉ាដាកំណត់គោលដៅ គឺជាជំហានដ៏សំខាន់មួយ មុននឹងយន្ដហោះចម្បាំងបាញ់មីស៊ីលចេញ៕


Post a Comment