ឯកឧត្តម កើត រិទ្ធ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតកាណាដា ចូលជួបពិភាក្សាការងារ

 

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងយុត្តិធម៌។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Christian DesRoches និងសហការីមកកាន់ទីស្តីការក្រសួងយុត្តិធម៌ និងសេចក្តីរីករាយចំពោះការវិលត្រឡប់របស់កាណាដាសាជាថ្មី ក្នុងការដាក់និវេសនដ្ឋានស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់កាណាដាចំពោះទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូត បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនេះ។

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីកិច្ចការងារមួយចំនួន ដូចជា៖ ការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា និងការរៀបចំនូវតុលាការពាណិជ្ជកម្ម សំដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាយុត្តិធម៌ ដើម្បីបង្កើនជំនឿទុកចិត្តរបស់វិនិយោគិននៅកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យយុត្តិធម៌រវាងប្រទេសទាំងពីរផងដែរ។ 

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Christian DesRoches បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងទំនាក់ទំនងល្អរវាងក្រសួងយុត្តិធម៌ ជាមួយស្ថានទូតប្រទេសកាណាដា៕

 















 


Powered by Blogger.