លោក​រដ្ឋមន្ត្រី ជា វ៉ា​ន់​ដេ​ត ជំរុញ​ឱ្យ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពហុភាគី លើ​បញ្ហា​សន្តិសុខ​តាម​អ៊ីនធឺណិត និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ក្លែងបន្លំ​តាម​អ៊ីនធឺណិត

រាជធានីភ្នំពេញ ​៖ លោក ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ជំរុញ​ឱ្យ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពហុភាគី ដើម្បី​សម្របសម្រួល​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​សន្តិសុខ​តាម​អ៊ីនធឺណិត ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ក្លែងបន្លំ​តាម​អ៊ីនធឺណិត និង​ខ្លឹមសារ​ខុសច្បាប់ និង​កសាង​បរិយាកាស​ឌី​ជី​ថ​ល ដែល​គួរ​ឱ្យ​ទុកចិត្ត​ ។

ការ​ជំរុញ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២៥ ខណៈ​លោក​រដ្ឋមន្ត្រី ជា វ៉ា​ន់​ដេ​ត បាន​អញ្ជើញ​ជា​អធិបតី​បើក វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​កម្ពុជា ២០២៥ ក្រោម​ប្រធានបទ “​ការ​កសាង​សង្គម​ឌី​ជី​ថ​ល​កម្ពុជា ប្រកបដោយ​បរិ​យា​បន្ន (Building Cambodia’s Inclusive Digital Society)” ដែល​ជា​ព្រឹត្តិការណ៍​អម​ក្នុង វេទិកា​រដ្ឋាភិបាល​ឌី​ជី​ថ​ល ពិព័រណ៍​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ព្រឹត្តិការ​ជាតិ​-​អន្តរជាតិ​ពាក់ព័ន្ធ​ ។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ជា វ៉ា​ន់​ដេ​ត ក៏​បាន​ជំរុញ​ការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​គោលនយោបាយ​រហ័សរហួន ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​ថ្មី​ៗ ដូច​ជា​បញ្ញា​សិប្បនិម្មិត ខណៈ​ពេល​ដែល​គ្រប់គ្រង​ហានិភ័យ​ដែល​ទាក់ទង​នឹង​ភាព​ឯកជន​នៃ​ទិន្នន័យ សន្តិសុខ​តាម​អ៊ីនធឺណិត និង​ភាព​សុខដុមរមនា​ក្នុង​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព​ ។

លោក​រដ្ឋមន្ត្រី ជា វ៉ា​ន់​ដេ​ត ក៏​បាន​លើក​ឡើង​ពី​ការ​លើកកម្ពស់​ការ​ដាក់​បញ្ចូល និង​អក្ខរកម្ម​ឌី​ជី​ថ​ល ដើម្បី​ធានា​ថា​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​យុវជន ស្ត្រី និង​អ្នក​ដែល​នៅ​តំបន់​ជនបទ អាច​ចូល​ប្រើ​ប្រើប្រាស់ និង​បង្កើត​តម្លៃ​តាម​រយៈ​ឧបករណ៍​ឌី​ជី​ថ​ល ដោយ​មិន​ទុក​នរណា​ម្នាក់​ឱ្យ​នៅ​ខាងក្រោយ​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​ឡើយ​ ។

ក្រៅពី​នេះ លោក​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​បន្ថែម​ពី​លើកកម្ពស់​នវានុវត្តន៍ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​កសាង​លើ​សមិទ្ធផល​ជាតិ​ថ្មី​ៗ​ក្នុង​ការ​ត្រួតពិនិត្យ​បទ​ប្បញ្ញត្តិ ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​ដី និង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ទំនើប ដើម្បី​បង្កើត​មូលដ្ឋាន​គ្រឹះ​រឹង​មាំ​សម្រាប់​ការ​រីក​ចម្រើន​។ ទន្ទឹម​នេះ ពង្រឹង​យុវជន​ជា​អ្នកដឹកនាំ​ឌី​ជី​ថ​ល តាម​រយៈ​គំនិត​ផ្តួចផ្តើម​ដូច​ជា Youth IGF ដែល​ទើបនឹង​បង្កើត​ថ្មី ដោយ​ធានា​ថា​មនុស្ស​ជំនាន់​ក្រោយ​គឺជា​ស្ថាបត្យករ​នៃ​គោលនយោបាយ​ឌី​ជី​ថ​ល​ដែល​នឹង​កំណត់​អនាគត​របស់​ពួក​គេ ​។

លោក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​ពិភាក្សា និង​ផ្លាស់​ប្តូរ​ទស្សនៈ​ឱ្យ​បាន​ផុលផុស សម្រាប់​ជា​ទុន​ក្នុង​ការ​កសាង​អនាគត​ឌី​ជី​ថ​ល​រួម​គ្នា ជា​ពិសេស យក​ឱកាស​នេះ​បង្កើត​បណ្តាញ​ទំនាក់ទំនង និង​កសាង​ភាព​ជា​ដៃគូ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​និង​ទូលំទូលាយ​បន្ថែម​ទៀត ដើម្បី​រួម​គ្នា​សម្រេច​សមិទ្ធផល​បន្ថែម​ទៀត​ជូន​ជាតិ និង​ប្រជាជន​របស់​ខ្លួន​ ។

សូម​បញ្ជាក់​ថា វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​កម្ពុជា ២០២៥ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អង្គការ​យូ​ណេ​ស្កូ (UNESCO) អង្គការ Open Development Cambodia (ODC) និង​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា (CADT) ដោយ​ផ្តោត​ជា​ពិសេស​សម្រាប់​កំណើន និង​ស្ថិរភាព​របស់​ប្រទេស​យើង រួម​មាន​ដូច​ជា​៖ សុវត្ថិភាព​អន​ឡាញ​ក្នុង​យុគសម័យ​បញ្ញា​សិប្បនិម្មិត (AI) -​កា​រត​ភ្ជាប់​អ៊ីនធឺណិត​ជាស​កល និង​ប្រកបដោយ​អត្ថន័យ -​ការ​ពង្រឹងសមត្ថភាព​យុវជន​សម្រាប់​អនាគត​ឌី​ជី​ថ​ល ​៕

Powered by Blogger.