ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ដឹកនាំគណៈប្រតិភូថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ

 

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា បានដឹកនាំគណៈប្រតិភូដែលមាន វិនិយោគិន ពាណិជ្ជករ អាជីវករ អ្នកជំនាញវិជ្ជាជីវៈ បុគ្គលស្វ័យនិយោជន៍ និងតំណាងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ហៅ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌបតម្កល់ព្រះបរមរូប នាសួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ។

ពិធីដ៏មានអត្ថន័យនេះ រៀបចំឡើងក្នុងឱកាសខួបលើកទី១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ និងបានសោយទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា។

ក្នុងនាមជាថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាក្នុងវិស័យឯកជន ព្រមទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ បានបង្ហាញនូវសេចក្តីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមចងចាំមិនភ្លេចនូវព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គ ដែលបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា ដែលស្នាព្រះហស្ថទាំងនោះនឹងស្ថិតស្ថេរជារៀងរហូតនៅក្នុងដួងចិត្តរបស់ប្រជានុរាស្ត្រខ្មែរគ្រប់ជាន់ថ្នាក់។

ជាចុងបញ្ចប់ គណៈប្រតិភូទាំងអស់បានលំឱនកាយវាចាចិត្ត ថ្វាយមហាព្រះរាជកុសលដ៏ឧត្តុង្គឧត្តម ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះវិញ្ញាណក្ខន្ធព្រះអង្គ បានយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕












Powered by Blogger.