លោក លី ឈុនអ៊ូ បដិសេធការផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួន ដោយបានចោទថាលោកបើកទីតាំងល្បែងស៊ីសង ទាំងរូបលោកមិនដឹងដឹងសោះ

 

 (ភ្នំពេញ)៖ លោក លី ឈុនអ៊ូ ដែលជាម្ចាស់ដេប៉ូលក់ម៉ូតូមួយកន្លែង បានបដិសេធទាំងស្រុង ទៅនឹងការផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួន ដោយអះអាងថា បណ្តាញសង្គមទាំងនោះ បានយករូបទៅកាត់ត ហើយចោទប្រកាន់ថា ជាអ្នកលេងនិងបើកល្បែងស៊ីសងខុសច្បាប់។

តាមរយៈលិខិត បដិសេធរបស់ខ្លួន លោក លី ឈុនអ៊ូ បានលើកឡើងថា «ខ្ញុំសូមបដិសេធដាច់ខាតចំពោះការបង្ហោះរបស់សារព័ត៌មាន ដោយកាត់តរូបភាពដោយគ្មានការអនុញ្ញាតពីខ្ញុំបាទ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ខ្ញុំ។ ដោយឡែកប្រសិនបើទីតាំង ដែលអ្នកសារព័ត៌មានដែលផ្សព្វផ្សាយមានល្បែងស៊ីសងខុសច្បាប់ ដូចរូបភាពដែលបានបង្ហោះមែន ខ្ញុំបាទស្នើសុំឱ្យ អាជ្ញាធរមានសមត្ថកិច្ចចុះ អនុវត្តតាមផ្លូវច្បាប់»។

កាលពីពេលថ្មីៗនេះ បណ្តាញសង្គមមួយចំនួន ដោយប្រើប្រាស់ជាឈ្មោះសារព័ត៌មាន បាននាំគ្នាបង្ហោះរូបភាពមនុស្សលេងបៀ នៅផ្ទះមួយកន្លែង ដោយព្រួតគ្នាវាយប្រហារលើ លោក លី ឈុនអ៊ូ ថា លេងនិងបើកល្បែងស៊ីសងខុសច្បាប់។ ខ្លឹមសារដដែលៗ ត្រូវបានបង្ហោះនៅលើហ្វេសប៊ុកជាច្រើនគណនី ដោយហៅលោក លី ឈុនអ៊ូ ថាជា «ឧកញ៉ាអ៊ូ» ខណៈដែលរូបលោកអះអាងថា លោកមិនមានគោរមងារជាឧកញ៉ា នោះឡើយ។

លោក លី ឈុនអ៊ូ បានអះអាងថា រូបភាពដែលបណ្តាញសង្គមមួយចំនួនតូចនោះ បានផ្សព្វផ្សាយ គឺជា រូបភាពកាត់ត តាមប្រព័ន្ធបច្ចេកវិទ្យាបែបថ្មី។ លោកបាន ស្នើសុំឱ្យក្រសួងព័ត៌មាន ចាត់វិធានការផ្លូវច្បាប់ ឬកោះហៅអ្នកព័ត៌មានដែលបង្ហោះវាយប្រហារលោក ដោយមិនមានវិជ្ជាជីវៈទាំងនោះ មកអប់រំតាមច្បាប់របបសារព័ត៌មាន និងលិខិតគតិយុត្តិដែលមានជាធរមាន៕

 







 


Powered by Blogger.